រឿង​ដែល​ខ្ញុំ​ធ្លាប់​យល់​ខុស

Spread the love

ក្រសាំងទាប

ក្រសាំងទាប

នៅ​ពេល​លោក​អ៊ំ​ម្នាក់​រៀបរាប់​អំពី​ឈ្មោះ​អន្លក់​មួយ​ប្រភេទ​ដែល​ដំបូង​ឡើយ​គេ​ប្រាប់​គាត់​ថា​ជា «ក្រសាំង​ខ្ពស់» នោះ ធ្វើ​ឲ្យ​គាត់​យល់​ខុស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​ដឹង​ច្បាស់​ពិត​ប្រាកដ​ថា​ជា «ក្រសាំងទាប» ទេ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា អ្វី​ដែល​ខ្ញុំ​បាន​ឮ​បាន​ដឹង​ជុំ​វិញ​ខ្លួន​ប្រហែល​ជា​មិន​ជាន់​ដាន​លោក​ អ៊ំ​ទេ​មើល​ទៅ ។ លុះដល់​សប្ដាហ៍​មុន​នេះ ខ្ញុំ​រក​ឃើញ​ថា ខ្ញុំ​បាន​យល់​ខុស​អំពី​ឈើ​ពីរ​ប្រភេទ​គឺ «រកា» និង​ «ក្រឡាញ់»

«រកា» ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Dialium cochinchinense​ ស្ថិត​ក្នុង​អំបូរ Leguminosae-caesalpinioideae ជា​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្ដាន​នឹង​គ ដើម​មាន​បន្លា​ធំៗ​រង្វើលៗ ផ្លែ​តូចៗ​ខ្លីៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់ ។ តាំង​ពី​ធំ​ដឹង​ក្ដី​មក នៅ​ពេល​ឃើញ​រូប​គំនូរ​នៅ​តាម​វត្ត និង​តាម​ប្រាសាទ ឬ​ស្ដាប់​ចម្រៀង ខ្ញុំ​តែង​តែ​យល់​ថា «រកា (ដែក)» គឺ​គ្រាន់​តែ​ជា​ឧបករណ៍​ម្យ៉ាង​រាង​មូល​ខ្ពស់​មាន​បន្លា​ ​ដែល​ជា​ជំនឿ​ក្នុង​ពុទ្ធសាសនា​ដើម្បី​ដាក់​ទោស​សត្វ​នរក​ដែល​កាល​ពី​នៅ​រស់ ​ធ្លាប់​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ គឺ​មិន​ដែល​គិត​ថា «រកា» គឺ​ជា​ប្រភេទ​ឈើ​ម្យ៉ាង​នោះ​ឡើយ ។

ដើម​រកា

ដើម​រកា

ដើម​រកា និង​បន្លា

ដើម​រកា និង​បន្លា

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

«ក្រឡាញ់» មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Bombax ceiba ស្ថិត​ក្នុង​អំបូរ Bombacaceae ជា​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន ។ តាំង​ពី​តូច​រហូត​ដល់​អាយុ​១៧​ឆ្នាំ​ខ្ញុំ​មិន​ដែល​បាន​ឃើញ និង​​បរិភោគ​ផ្លែ​ក្រឡាញ់​ម្ដង​ណា​ឡើយ គឺ​គ្រាន់​តែ​បាន​ឮ​បាន​ដឹង​ថា មាន​ស្រុក​មួយ​ឈ្មោះ «ក្រឡាញ់» ស្ថិត​នៅ​ខេត្ត​សៀមរាប ។ លុះ​ក្រោយ​មក​ក៏​ពុំ​ដែល​បាន​ឃើញ​ដើម និង​ផ្លែ​ក្រឡាញ់​មិន​ទាន់​បក​សម្បក​ឡើយ គឺ​បាន​ត្រឹម​តែ​ឃើញ និង​ទិញ​បរិភោគ​នូវ​ផ្លែ​ក្រឡាញ់​ដែល​មាន​ដាក់​លក់​គិត​ជា​កំប៉ុងៗ​ ប៉ុណ្ណោះ ។ ផ្លែ​ក្រឡាញ់​ប្រភេទ​នេះ​មាន​រសជាតិ​ផ្អែម ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ក្រឡាញ់​មាន​ផ្លែ​ផ្អែម​ស្រេច​ពី​ធម្មជាតិ ។ ប៉ុន្តែ មិន​ដូច​ការ​យល់​ស្មាន​សោះ ផ្លែ​ក្រឡាញ់​ពី​ធម្មជាតិ​គឺ​ «មាន​រសជាតិ​ចត់» ។ ការ​ពិត​គ្រាប់​ផ្លែ​ក្រឡាញ់​ផ្អែម​ដែល​មាន​ដាក់​លក់​នោះ​គឺ​បាន​ឆ្លង​កាត់​ការ​ឆឹង​ស្ករ​ជា​មុន​សូរេច​សោះ ។

ដើម​ក្រឡាញ់

ដើម​ក្រឡាញ់

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

សរុប​មក​ ឆ្លង​តាម​បទពិសោធន៍​នេះ ពាក្យ​ដែល​គេ​និយាយ​ថា «ចំណេះ​ដឹង​ឥត​ព្រំដែន ឬ​គ្មាន​ទី​បញ្ចប់» គឺ​ពិត​ជា​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​មែន ! ចំណែក​ខ្ញុំ​ មាន​រឿង​រ៉ាវ​សាមញ្ញៗ​ជុំ​វិញ​ខ្លួន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ស្វែង​យល់​ជា​ បន្ត​បន្ទាប់ ហើយ​ប្រហែល​ជា​ពេញ​មួយ​ជីវិត​ផង​ក៏​សឹង​មាន ?

ความคิดเห็น

Next Post

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

Fri Sep 4 , 2009
Spread the love រូបចម្លាក់ ​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ្រិស្តសករាជ ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ យោង ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​ ដែល​មាន​ទីតាំង​នៅ​ពី​ខាងត្បូង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក​ស្ថិត​ ក្នុង​ភូមិ​ព្រែក​ប្រណាក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​រស្មីកម្ពុជា​ដឹង​ថា​ ខ្មែរ​មាន​ជំនឿ​លើ​អ្នក​ម្នាង​ផ្ទះ​ ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ចាប់​តាំងពី​ការ​កកើត​ និង​កាន់​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ​ ​ដូច្នេះ​វា​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ការ​ហៅ​ពាក្យ​ថា​ ជំនាងផ្ទះ ​របស់​ខ្មែរ​កន្លង​មក​ត្រូវ​បាន​លោក​ សឹង្ហ​ ​គា ​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​បដិសេធ​ថា​ វា​ពុំ​មាន​ន័យ​សក្ដិសម​ទាល់តែ​សោះ​ជាមួយនឹង​មុខងារ​របស់​អ្នកម្នាងផ្ទះ​ ​ហើយ​ក៏​មិន​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ផង​ដែរ (ប៉ុន្តែ​ក្នុង​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច​កំណែ​២ មាន​ពាក្យ​ជំនាងផ្ទះ​នេះ ថែម​ទាំង​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​ទៀត​ផង) ។ ទាក់ទិន​ទៅ​នឹង​គតិបណ្ឌិត​ខ្មែរ​ចំពោះ​អ្នកម្នាងផ្ទះ​ លោក​អគ្គលេខាធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត​ និង​ព្រលឹង​ វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា​មាន​តម្លៃ​ គឺ​មាន​ជីវិត​ដែរ​ដែល​ទស្សនៈ​នេះ​មាន​នៅ​ក្នុង​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​នៅ​កំណត់​បាន​ថា​ជា​របស់​ខ្មែរ​ ​គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខុម​លោក ។​តួនាទី​អ្នកម្នាងផ្ទះ​គឺ​ ជា​ធាតុ​មួយ​ធ្វើ​ឱ្យ​ផ្ទះ​មាន​ព្រលឹង​មាន​ជីវិត​ ​ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឱ្យ​គង់​ផង​ ​ថែរក្សា​មក​ខ្លួន​ផង​ (ផ្ទះ) ឱ្យ​គង់​និង​សុខដុមរមនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​នៅ​ក្នុង​ផ្ទះ​ […]
%d bloggers like this: